ចេញផ្សាយ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៦
នៅឆ្នាំ២០២៦នេះ ខ្មែររៀបចំពិធីចូលឆ្នាំថ្មីនៅថ្ងៃទី១៤មេសា ខណៈជាទូទៅខ្មែរចូលឆ្នាំនៅថ្ងៃទី១៣មេសា។ ក្រៅពីនេះ នៅឆ្នាំខ្លះ ខ្មែរចូលឆ្នាំរហូតមានរយះពេល៤ថ្ងៃ។ ចំពោះមូលហេតុដែលពេលវេលាចូលឆ្នាំខ្មែរមានការប្រែប្រួលរាល់ឆ្នាំ ដោយជួនកាលចូលឆ្នាំនៅថ្ងៃទី១៣ឬ ១៤ មេសានេះគឺដោយសារតែការកំណត់ចូលឆ្នាំ ផ្អែកលើក្បួនហោរាសាស្ត្របុរាណ (មហាសង្ក្រាន្ត) ដែលគណនាទៅតាមចលនាវិលជុំនៃព្រះអាទិត្យ និងភពផ្សេងៗដោយ គណនាពីពេលវេលាដែលព្រះអាទិត្យចាកចេញពី «មីនរាសី» នៃខែមីនាដែលជាខែទី១២នៃសុរិយគតិ ហើយឈានចូល «មេសរាសី»នៃខែមេសាដែលជាខែទី១នៃសុរិយគតិ។
ការកំណត់នេះ រៀបចំឡើងដោយយោងទៅលើដំណើរព្រះអាទិត្យមួយជុំ ដែលមានរយះពេលមួយឆ្នាំ ស្មើ៣៦៥ថ្ងៃបូក ៦ម៉ោង ឫ៥២សប្តាហ៍បូកមួយថ្ងៃនិង៦ម៉ោង។ បានន័យថា ក្នុងរយះពេល៤ឆ្នាំម្តង គឺមាន៦ម៉ោងចំនួន៤ដង ស្មើនឹង២៤ម៉ោង គឺមួយថ្ងៃនេះឯង។
រយៈពេលមួយថ្ងៃដែលលើសនេះត្រូវរុញពេលវេលាចូលឆ្នាំពីថ្ងៃទី១៣មេសាទៅចូលឆ្នាំនៅថ្ងៃទី១៤មេសាវិញ។ អ្នកហោរាសាស្ត្របានពន្យល់ពី មូលហេតុ ដែលនាំឱ្យ ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ត្រូវប្រារព្ធ ធ្វើឡើង មាន រយៈពេល រហូតដល់ទៅ ០៤ ថ្ងៃ ថា ពីព្រោះមានឆ្នាំដែល ផែនដី គោចរជុំវិញ ព្រះអាទិត្យ ដល់ទីកន្លែងដើមវិញ គឺ វាស្ថិតនៅក្នុងរាសី ១២ ពេញបរិបូរណ៍ នៅវេលាចុង ថ្ងៃ ដែលនាំឲ្យរយះពេលចូលឆ្នាំដែលមានរយះពេលចំនួន ៥១ ម៉ោង ៥៧ នាទី និង ៣៦ វិនាទី ត្រូវអូសបន្លាយចូលដល់ថ្ងៃទី៤។ បានសេចក្តីថា ថ្ងៃចូលឆ្នាំនៅថ្ងៃទី១ និងថ្ងៃទី៤ មានរយះពេល តែពាក់កណ្តាលថ្ងៃតែប៉ុណ្ណោះ។
លោក ប៊ុន វាស្នារ ទីប្រឹក្សាអមគណៈកម្មាធិការ រៀបចំបុណ្យជាតិ-អន្តរជាតិ បានគូសបញ្ជាក់ ថា បាតុភូតចូលឆ្នាំខ្មែរមានរយះពេល៤ ថ្ងៃ គឺកើតឡើងក្នុងអំឡុងពេល៤ឆ្នាំជួបម្តង។ ពោលគឺ យើងអាចចូលឆ្នាំ រយៈពេល ០៤ ថ្ងៃ មានសម្រាប់ ឆ្នាំ២០២៤ ឆ្នាំ២០២៨ និង ឆ្នាំ២០៣២ ហើយ ចន្លោះចាប់ពី ឆ្នាំ២០៣២ ទៅមុខជាង ១០ ឆ្នាំ ទៀត ទើប មានដំណើរ ជើងលេខ បែបនេះ ទៀត។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានឲ្យដឹងថាបើយោងតាមចំលាក់បង្ហាញលើជញ្ជាំងប្រាសាទអង្គរបានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានប្រារព្ធឡើងចាប់តាំងពីសម័យអង្គរនៃការគ្រប់គ្រង របស់ព្រះបាទជ័យវរ្ម័នទី៧។ កាលពីសម័យនោះ ចូលឆ្នាំត្រូវបានរៀបចំនៅខែកត្តិក ប៉ុន្ដែក្រោយៗមកក៏បានប្តូរមកធ្វើនៅខែចែត្រវិញ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)


ប្រភពអត្ថបទពី ក្រសួងព័ត៏មាន
