នាយករដ្ឋមន្ត្រី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ

កំពត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ។

បើតាមសម្តេចនាយករដ្ឋមន្ត្រី មុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់, ភូមិសាស្រ្ត និងប្រភេទហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខុសគ្នា តែទិសដៅដូចគ្នា គឺជាសមិទ្ធផលដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់មូលដ្ឋាន។

សម្តេចធិបតីថ្លែងថា៖«យើងនឹងបន្តចេញទៅសម្ពោធសមិទ្ធផល ទាក់ទាញការវិនិយោគ និងបង្កើតបរិយាកាសវិជ្ជមានពីកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ កំពង់ផែនេះ មិនត្រឹមជាផែទេសចរណ៍នោះទេ គឺជាផែចម្លង បង្កើតទេសចរណ៍បន្ថែមសម្រាប់អ្នកខេត្តកំពត លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានផង និងជាតិផង»។

ម្តេចធិបតី បន្ថែមថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់ទេសចរណ៍តភ្ជាប់ខេត្តជាប់គ្នា ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ៤ ហិកតាដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារការិយាល័យជាដើម។

ខេត្តកំពតមានកំពង់ផែចំនួន ៥ សម្រាប់នាំទំនិញចេញ-ចូល និងសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ។ដោយឡែកកំពង់ផែទេសចរអន្តរជាតិកំពត ជាសមិទ្ធផលថ្មី ដែលបានបើកដំណើរការសាកល្បង និងបានដំណើរការដឹកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិធ្វើដំណើរទៅតាមបណ្ដាកោះនានា ជាមួយនាវាទំនើបៗ។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ស្ថិតនៅជាប់នឹងដងព្រែក ដែលមានចម្ងាយ ៦ គីឡូម៉ែត្រពីក្រុងកំពត ។តាមរយៈកំពង់ផែទេសចរណ៍ខេត្តកំពត អាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ផែដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *